គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ក្រុមហ៊ុន ខនហ្វីរេល ហ្វឹកហ្វឺនប្រជាកសិករ

កាលបរិច្ឆេទ: ១៣ មីនា ២០២៤ / ម្ហូបអាហារ / Author : Veng Thavong

នៅថ្ងៃទី ២៨-២៩  ខែកុម្ភ: ឆ្នាំ២០២៤ ក្រុមហ៊ុន ខនហ្វីរេល បានបើក​វគ្គ​បណ្តុះបណ្តាល​ដល់​ប្រជាកសិករ ស្តីពីបច្ចេកទេស ដាំដុះ  ថែទាំ  និងប្រមូលម្រេចកំពតសរីរាង្គ ដល់​កសិករ​នៅ​ខេត្ត​កំពត​ចំនួន​៥០គ្រួសារក្នុងគោលបំណង​ណែនាំប្រជាកសិករពីចំណេះដឹងក្នុងការដាំដុះ  និង​ថែទាំ​ម្រេច​កំពត​ប្រកប​ដោយគុណភាព និងស្របតាមស្តង់ដាសរីរាង្គ។ បន្ថែមពីនេះទៅទៀតនៅក្នុងវគ្គបណ្តុះបណ្តាលនេះបានបង្ហាញពីវិធានការនៃការរក្សាទុកផលិតផលសម្រេច​ឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពដើម្បីរក្សាគុណភាពផលិតផលឱ្យបានល្អ និង​សម​ស្រប​តាម​តម្រូវ​ការទីផ្សារ។ ទន្ទឹមនេះផងដែរក្រុមហ៊ុនខនហ្វីរេលបានចុះកិច្ចសន្យាទិញលក់ម្រេចកំពត និង​ម្រេច​កំពត​សរីរាង្គជាមួយកសិករន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះប្រកបដោយភាពជោគជ័យ។

វគ្គបណ្តុះបណ្តាលនេះ  ដឹកនាំ និងបណ្តុះបណ្តាលដោយលោក ឌុន  ទិត្យារិទ្ធ  ទីប្រឹក្សា​បច្ចេកទេស​ដាំដុះ​ម្រេចកំពតសរីរាង្គនៃក្រុមហ៊ុន ខនហ្វីរេល។

ក្រុមហ៊ុន ខនហ្វីរេល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Cambodia Harvest III ដែល​បាន​រួម​ចំណែក​ក្នុងការរៀបចំ និងគាំទ្រយ៉ាងពេញទំហឹងជំរុញឱ្យវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅបាន ក្នុង​ការ​បង្កើន​នូវចំណេះដឹងដល់ក​សិករក្នុងការ ដាំដុះ  និងថែទាំ  ម្រេចសរីរាង្គ ឱ្យស្របតាមស្តង់ដាសរីរាង្គ  និង ផលិតផលសម្គាល់ភូមិសាស្ត្រម្រេច​កំពត  (GI)។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះយើង​ក៏សង្ឃឹមថា កសិករ​ទាំង​អស់​នឹង​បន្ត​ចែក​រំលែក​ចំណេះ​ដឹង​ទាំង​នេះ​ទៅ​កសិករ​ផ្សេងៗ​ទៀតដើម្បី​ទទួល​បាន​នូវផលិតផលដែលមានគុណភាពល្អ និងស្របតាមតម្រូវការទីផ្សារអន្តរជាតិ។

ទន្ទឹមនឹងនេះដែរក្រុមហ៊ុន ខនហ្វីរេល នឹង​បន្ត​ព្យាយាម​ធ្វើ​ការ​បណ្តុះបណ្តាល​ និង​ប្រឹងប្រែង​ស្វែង​រក​ទីផ្សារជាតិ និង​អន្តរជាតិ​ជូន​ប្រជាកសិករ​ដើម្បី​ធ្វើ​ឱ្យម្រេច​កំពត​កាន់​តែ​មាន​តម្លៃ​ខ្ពស់​សាក​សម​ទៅ​នឹង​កម្លាំង​ពលកម្មដែលប្រជាកសិករខិតខំប្រឹងប្រែងធ្វើបាន។